Monday, January 11, 2021

មូលហេតុអ្វីខ្លះ នាំឱ្យ សៀមត្រួតត្រា ខេត្តបាត់ដំបង ជាង ១០០ ឆ្នាំ

 យើងទាំងអស់គ្នា ធ្លាប់បាន ដឹង​ មកហើយ ខេត្តបាត់ដំបងកាលពីមុន មានផ្ទៃដីធំល្វឹងល្វើយ ស្ថិត នៅភាគ ខាងលិច ជាប់នឹងប្រទេស សៀម ឬថៃ នាពេលបច្ចុប្បន្ននេះ ។ ទឹកដីខេត្តបាត់ដំបង ត្រូវបានគ្រួសារ ចៅហ្វ៊ា បែន ​ត្រួតត្រា ចាប់ពីឆ្នាំ ១៧៩៥ ដល់ ១៩០៧ ស្ថិតនៅ ក្រោម បង្គាប់របស់ស្តេចសៀម  ​។

ដូច្នោះ ថ្ងៃនេះ យើងខ្ញុំសូម ធ្វើការចែករំលែក ចំណេះដឹង ប្រវត្តិសាស្រ្ត មួយនេះ ដើម្បីឱ្យ កូនខ្មែរបានដឹងថា តើកាលនោះ មានរឿងហេតុអ្វីកើតឡើង បានជាទឹកដីយើង ត្រូវបានសៀម គ្រប់គ្រង? តើព្រះហាក្សត្រខ្មែរកាលនោះ ក្សត្រអង្គណាខ្លះ ?តើគ្រួសារចៅហ៊្វាន បែន ជានរណា?  

រឿងរ៉ាវទាំងអស់នេះ ខ្ញុំបាទសូម ធ្វើការ បង្ហាញ ជូនលោកអ្នក ដោយដកស្រង់ចេញពី សៀវភៅ« បាត់ដំបង សម័យលោកម្ចាស់» ដូចតទៅ៖

ជាដំបូង ខ្ញុំបាទសូមរៀបរាប់ ពីដើមហេតុ ដែលប្រទាក់ក្រឡាគ្នា រវាង ​​ស្តេចខ្មែរ មន្រ្តីខ្មែរ និងស្តេចសៀម ដែលជាដើម ចម នាំឱ្យសៀមត្រួតត្រា ខេត្តបាត់ដំបង និងសៀមរាប ។  

នៅឆ្នាំ ១៧៦៨ ព្រះចៅ តាក ដែលបានបង្រួបបង្រួម ប្រទេសសៀម ពីភាពចលាចល បណ្តេញ ព័ទ្ធភូមា ឈ្លានពាន និងកំចាត់ក្រុមប៉ះបោជោគជ័យ ហើយប្រកាសខ្លួនជាស្តេច ។ បន្ទាប់មក ស្តេច សៀម បានផ្ញើសារ មកព្រះបាទរាយណ៍ រាជាអង្គតន់ ស្តេចនរគខ្មែរ ទទួលស្គាល់ ព្រះអង្គជា ស្តេចសៀមថ្មី  តែព្រះអង្គតន់បាន បដិសេធ ។  ការបដិសេធ នេះ ធ្វើឱ្យព្រះចៅស្តេចសៀម អាក់អន់ ព្រះទ័យយ៉ាងខ្លាំង ហើយក៏លើកទ័ព មកវាយលុកប្រទេសខ្មែរ ដោយយកលេសថា យក ព្រះអង្គនន់រាមា ដែលភៀសខ្លួន ទៅនៅស្រុកសៀម យូរមកហើយ នោះ ឱ្យមកសោយរាជ្យនៅ នរគខ្មែរវិញ ។

ការ​ធ្វើសង្គ្រាមនេះ ព្រះចៅសៀម វាយលុក តាមផ្លូវគោក និងផ្លូវទឹក ព្រះអង្គបានបញ្ជាទ័ព ជើងទឹក មកដល់ខេត្តកំពត ដោយនាំ ព្រះអង្គនន់រាមា មកជាមួយផង ។ ទ័ពសៀមវាយលុក រហូតដល់ ឧដុង។ ព្រះនរាយណ៍រាជា ទប់ទល់មិនបាន ក៏រត់ទៅពឹងស្តេច យួន  ។ ព្រះចៅសៀម ក៏លើក ព្រះអង្គនន់រាមា ឱ្យឡើងសោយរាជ្យនៅ ឧដុង ។

ចំណែកព្រះអង្គតន់ បានជំនួយពីទ័ពយួន ក៏វាយរុញច្រាន ព្រះអង្គនន់រាមា ទៅដល់ ខេត្តកំពត វិញ ។ ចាប់ពីពេលនេះ ប្រទេសខ្មែរបែងចែកជាពីរ ។ ដំណាលនោះ មានមន្រ្តី ម្នាក់ឈ្មោះ បែន ចូលទៅសុំ បម្រើ ព្រះអង្គនន់រាមា ដែលជាស្តេចសោយរាជ្យ នៅកំពត ។ មន្រ្តីពញា បែន នេះ មានស្រុកកំណើត នៅខេត្តតាកែវ បច្ចប្បន្ននេះ ។ 



រីឯនៅ ឧដុង្គ វិញ ព្រះអង្គតន់ ក៏ចាត់មន្រ្តីនាំសារ ទទួលស្គាល់ស្តេចសៀម ព្រះចៅ តាក ។ លើសពីនេះ ដោយសារព្រះអង្គនឿយណាយ នឹងការធ្វើសង្គ្រាម ព្រះអង្គ ក៏សុខចិត្ត ដាក់រាជសម្បត្តិថ្វាយ ទៅ ព្រះអង្គនន់រាមាវិញ នៅឆ្នាំ ១៧៧៤ ។ ព្រះអង្គតន់ សុគត់ នៅឆ្នាំ ១៧៧៧ ហើយព្រះអង្គ បន្សល់នូវ រាជបុត្រា មួយព្រះអង្គ គឺ ព្រះអង្គអេង  ដែលនៅជារាជកុមារនៅឡើយ ។

ការបែកបាក់នរគខ្មែរ សារជាថ្មី ក្នុងរជ្ជៈកាល ព្រះអង្គនន់រាមា ។ ព្រះអង្គនន់រាមា មានចិត្ត ចង់លុប បំបាត់ឥទ្ធិពលយួន ក្នុងប្រទេសខ្មែរ ដោយលើកទ័ព ទៅច្បាំងនិង យួន  ស្របពេលប្រទេសយួន កំពុង មានភាពបះបោរ  ។ បញ្ហានេះ ធ្វើឱ្យមន្រ្តីមួយចំនួន ដែលជាមន្រ្តី​និយមខាងព្រះអង្គតន់ មិនសប្បាយ ចិត្ត ។ លើសពីនេះ ព្រះអង្គនន់រាមា បានកេណ្ឌ ទ័ព និងស្បៀង ទៅជួយសៀម ច្បាំង ជាមួយលាវ ដើម្បីជាការសងគុណ ។

បញ្ហានេះ នាំឱ្យមានការបះបោរ ក្នុងប្រទេស ដែលមានរួម គំនិត របស់មន្រ្តីបីរូប ដែលជាបងប្អូន បង្កើត គឺឧកញា តេជោ ទែន ឧកញា ខាងហ្វា ពាង និង ឧកញា ស្នេហា សូរ ។ ចំណែកឧកញា ស្នេហា សូរ ត្រូវព្រះអង្គនន់ ប្រហារជីវិត ។ ម្យ៉ាងទៀត ព្រះអង្គនន់រាមា យល់ខុស ចាត់ឱ្យ ចៅ ហ្វ៊ា ម៉ូ  ដែលជា បងនៃមន្រ្តីទាំងបីរូបនេះ ទៅបង្ក្រាប ឧកញា តេជោទែន  និង ឧកញា ខាង ហ្វា ពាង 



ចៅ ហ្វ៊ា ម៉ូ មិនត្រឹមតែ មិនបង្ក្រាប ទេ ប៉ុន្តែបែរជា រួមដៃជាមួយបងប្អូន ​មកប្រឆាំង និងព្រះអង្គនន់រាមា វិញ ។

ពេលនោះ ព្រះអង្គនន់ រាមា បានតែងតាំង ឧកញា វង្សាអគ្គ បែន ឱ្យឡើងឋានៈ ជាឧកញា យមរាជ ដើម្បីឱ្យការពាររាជធានី ជាមួយ ឧកញា វិបុល រាជ ស៊ូ។ ចំណែក ព្រះអង្គផ្ទាល់ ក៏លើកព័ទ ទៅបង្ក្រាប មន្រ្តី​ក្បត់ បងប្អូន បីនាក់ ។

រីឯ នៅរាជធានី វិញ មិននឹកស្មានថា ឧកញា វិបុលរាជ ស៊ូ ​ក៏ជាមនុស្សក្បត់ ដោយទៅលួចពឹង ទ័ពយួន ទៅជួយ ចៅហ្វ៊ា ម៉ូ  ហើយពេលនោះ ទ័ពយួន ក៏បានចាប់ ព្រះអង្គនន់រាមា និងព្រះរាជវង្សានុវង្ស ធ្វើគត់ អស់ទៅ ។

មន្រ្តីទាំងអស់ ក៏បានលើករាជសម្បត្តិស្វាយ ព្រះអង្គអេង ដែលទើបតែមាន ជន្មាយុ ៧ វស្សា ឱ្យឡើង សោយរាជ្យ ។ ប៉ុន្តែអំណាយពិតប្រកដ គឺស្ថិតនៅ ចៅហ៊្វា ម៉ូ ដែលមានឋានៈ សម្តេច ចៅហ្វ៊ាមហារាជ  ហើយប្អូនឈ្មោះ ពាង មានងាជា ឧកញា ចក្រី ហើយ ឧកញា វិបុល រាជ ស៊ូ ឱ្យឡើងងារជា ឧកញា ក្រឡាហោម ។

ចំណែក ឧកញា យមរាជ បែន ជាមនុស្សរបស់ព្រះអង្គនន់រាមា ត្រូវបាន ចៅ ហ៊្វា ម៉ូ ចាត់ទៅនៅ កំពង់ស្វាយ ជាមួយ តេជោ ទែន ដោយសារមិនមានការទុកចិត្ត ។

ចំណែកព្រះចៅ តាក ស្តេចសៀម ក៏បានដឹងពីអំពើក្បត់ របស់ ចៅហ្វ៊ា ម៉ូ ក៏បាន អញ្ជើញ ឧកញា យមរាជបែន ទៅស្រុកសៀម និងមានការស្តីបន្ទោស ថាត្រជាក់ស្រាល បណ្តោយឱ្យគេសម្លាប់ស្តេច ខ្លួន ត្រូវបានស្តេចសៀម កាត់ស្លឹកត្រជាក់ វាយ ១០០ រំពាត់ និង ដាក់គុកនៅស្រុក សៀម រហូតទៅ ។

ក្រោមមក ព្រះចៅ តាក ស្តេចសៀម ដោះលែង ឧកញា យមរាជ បែន ព្រមទាំង មកជាមួយ ចៅពញា ចក្រី ដួង មកបង្ក្រាប ពួក សម្តេច ចៅហ៊ា្វ ម៉ូ រហូតដល់ ឧដុង្គ    សម្តេច ចៅហ្វ៊ា ម៉ូ ក៏ទៅពឹងទ័ព យួន ឱ្យមកជួយ ។ ប៉ុន្តែខណៈធ្វើ សង្គ្រាម នៅ នរគខ្មែរ  ព្រះចៅ តាក ស្តេចសៀម មានជំងឺ មិនអាចគ្រប់គ្រង់ នរគបាន នាំឱ្យប្រទេសសៀម មានភាពចលាចល បះបោរ ដូច្នោះ ចៅពញា ចក្រី ដួង ក៏នាំទ័ពត្រឡប់ ទៅវិញ ដើម្បីបង្ក្រាប ភាពចលាចល ។ បន្ទាប់ពីបង្ក្រាប បានជោគ ជ័យ ចៅពញា ចក្រី ដួង ក៏ប្រកាស ខ្លួនជា ស្តេចសៀម ដែលមានព្រះនាម ថា ព្រះ ពុទ្ធយ៉តហ្វាចុឡាលោក 


បន្ទាប់ពី ចៅពញា ចក្រី ដួង បានសោយរាជ្យ ជាស្តេចនរគសៀម ។ ឧកញ៉ា យមរាជ បែន បានចូលមក ប្រទេសខ្មែរ ម្តងទៀត បានរួមគំនិត ជាមួយ ឧកញា ក្រឡាហោម ស៊ូ បានសម្លាប់ សម្តេចចៅ ហ្វ៊ាមហារាជ ម៉ូ និងគ្រួសារស្លាប់ទាំងអស់ ហើយ សម្តេចចៅហ្វ៊ា ស៊ូ ក៏ឡើងកាន់អំណាចតទៅទៀត ។

ប៉ុន្តែសម្តេចចៅហ្វ៊ា ស៊ូ មិនស្កប់នឹងអំណាចរបស់ខ្លួន ក៏រកល្បិច ដើម្បីសម្លាប់ ឧកញា ចៅហ្វ៊ា យមរាជ បែន តែដោយសារតែ ចៅហ៊ា្វ បែន ដឹងខ្លួនមុន ក៏នាំបក្សពួក សម្លាប់ សម្តេចចៅហ្វ៊ា ស៊ូ មុនទៅ ។ ឧកញា ចៅហ្វ៊ា បែន ក៏ឡើងកាន់ អំណាច បន្តមក ។

ដោយមិនអាច បង្ក្រាបសត្រូវ អស់ ឧកញា ចៅហ្វ៊ា បែន ក៏ នាំ ព្រះអង្គអេង ព្រះរាជវង្សានុវង្ស ទៅស្រុកសៀម ។ ចំណែក បក្សពួក ខាង ចៅហ្វ៊ា ម៉ូ បាននាំគ្នា ចូលក្រុង ឧដុង្គ ហើយលើក ឧកញា តេជោ ទែន ឡើងកាន់អំណាច រដ្ឋ ។

ចំណែក ចៅហ្វ៊ា បែន ត្រូវបានស្តេច សៀម តែងតាំង ជា ពញា អភ័យ ធិបេស វិសេសសង្គ្រាម ហើយបានចាត់ ឱ្យ នាំទ័ព មកការពារ ស្រុកបាត់ដំបង និងកំចាត់ ចៅហ្វ៊ា ទែន ចេញ ។ ត្រង់ចំនុច នេះ ហើយដែលគេហៅថា ចំបាំង រវាងខ្មែរ និងខ្មែរ តែម្ខាង ពឹងយួន និង ម្ខាង ពឹងសៀម ។ រហូតចុងក្រោយ ជ័យជំនះ បានទៅលើ ចៅហ្វ៊ា បែន ហើយចៅហ៊្វា ទែន ត្រូវបានចាប់ខ្លួន យកទៅស្រុកសៀម 

ពីពេលនោះ មក ចៅហ៊្វា បែន ឡើងកាន់អំណាច​ បន្ត ដឹកនាំនរគ ។ ប៉ុន្តែការដឹកនាំ របស់ ចៅហ៊្វា បែន យូរៗ ទៅ កាន់តែ ប្រើអំណាច កាប់សម្លាប់ ឃោឃៅ លើប្រជានរាស្រ្ត  ភាគច្រើនប្រុសៗ ស្លាប់អស់ បន្សល់នៅស្រ្តីមេម៉ាយ ជាច្រើន ។



ព្រះចៅសៀម ដឹងពីអំពើ ឃោឃៅ របស់ ចៅហ្វ៊ា បែន ក៏បញ្ជូល ព្រះអង្គអេង ជន្មាយុ ២២ វស្សា មកឡើងសោយរាជ ក្នុងប្រទេសខ្មែរ ក្នុង ឆ្នាំ ១៧៩៤ ។

ត្រង់ចំនុចនេះ ហើយ ដែលជា ការចាប់ផ្តើម នៃការគ្រប់គ្រង់ខេត្តបាត់ដំបង ជាង ១០០ ឆ្នាំ របស់សៀម ។ បន្ទាប់ពី ព្រះអង្គអេង មកសោយរាជ្យវិញ  ចៅហ៊្វា បែន សុំត្រឹម តែធ្វើចៅហ្វាយ ខេត្តបាត់ដំបង និងសៀមរា​ម ដោយចៅហ្វ៊ា បែន មិនអាចធ្វើការនៅឧដុង្គ បាន ព្រោះមានទំនាស់ ជាមួយ មន្រ្តីជាច្រើន នៅទីនោះ ។ ចំណែក ព្រះអង្គអេង ក៏យល់ព្រម 

ក្រោយមក ចៅ ហ្វ៊ា បែន បានទៅសុំ ស្តេចសៀម ដោយមិនស្តាប់បង្គាប់ ​រាជការក្រុង ឧដុង្គទេ ។ ដោយសុំ ថ្វាយសួយសាអាករ ដល់ស្តេចសៀមវិញ ។ ពេលនេះ ស្តេចសៀម ត្រេតអរណាស់ ហើយបាន ផ្ញើព្រះរាជសារ មកកាន់ព្រះអង្គអេង សុំ ខេត្តបាត់ដំបង និងសៀមរាប  ។ ព្រះអង្គអេង មិនព្រម តែក្រោយមក ដឹងថា ចៅហ្វ៊ា បែន ក្បត់ចូលដៃជាមួយស្តេចសៀម រួមហើយ ក៏យល់ព្រម ទៅ ព្រះចៅសៀម ក្នុងមួយ រជ្ជៈកាល ព្រះពុទ្ធយ៉តហ្វាចុឡាលោក ហើយផុតពីរជ្ជៈកាលនោះទៅ ព្រះអង្គ សុំយកខេត្តទាំងពីរមកវិញ ។

ហេតុនេះ ហើយ  ចាប់តាំងពីឆ្នាំ ១៧៩៥ មក ខេត្តបាត់ដំបង និងសៀមរាប  ត្រូវបានត្រួតត្រា ដោយ ចៅពញា អភ័យ បែន ឬចៅហ្វ៊ា បែន និងគ្រួសារ គ្រប់គ្រង ផ្ទៃដីដ៏ធំល្វឹងល្វើយ រហូតដល់ ឆ្នាំ ១៩០៧។ ការប្រគលខេត្តទាំងពីរនេះ គឺតែមួយរជ្ជៈកាល ព្រះចៅសៀម ព្រះពុទ្ធយ៉តហ្វាចុឡាលោក ប៉ុណ្ណោះ ប៉ុន្តែអកុសល ព្រះអង្គអេង ក៏សុគត់ មុនព្រះចៅ សៀម ហើយ  ស្តេចខ្មែរក្រោយៗមក ទៀត មិនបានទាមទារ ខេត្តទាំងពីរនេះ មកវិញ ។

ដូច្នោះ នាំឱ្យគ្រួសារ ចៅហ្វ៊ា បែន កាន់កាប់ខេត្តនេះ រហូត ដល់ ៦ដំណ ចាប់ពី ចៅពញាអភ័យ បែន រហូតដល់ លោក កថាថន ឈុំ គឺស្មើ និង ១១២ ឆ្នាំ ជាង មួយ សតវត្ស ។

អរគុណសម្រាប់ ការតាមដានស្តាប់ របស់បងប្អូន នៅវគ្គក្រោយ ខ្ញុំបាទ នឹង ដកស្រង់  ការគ្រប់គ្រងក្រោមអំណាចគ្រួសារ ចៅហ្វ៊ា បែន ថាតើ និងមានព្រឹត្តការណ៍អ្វីខ្លះ កើតឡើង ។

 

រៀបរាងដកស្រង់ដោយ៖ ញ៉ែម ចាន់ 

ក្នុងសៀវភៅ ៖ បាត់ដំបងសម័យលោកម្ចាស់

 

 

 

 

   

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...