Tuesday, January 12, 2021

របៀបឆ្លាក់ចម្លាក់លើថ្មភក់

 រូបចម្លាក់ថ្ម ឬចម្លាក់ក្បាច់ផ្ទាំងសិលា ដែលធ្វើពីថ្មភក់ កំពុងមានទីផ្សាខ្លាំង ដែលអតិថិជនភាគច្រើនជា ​ មន្ត្រី​ធំ​ៗ ឬអ្នកមាន​ទ្រព្យ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​គេ​ទិញ​យក​ទៅ​ដាក់​តាំង​ក្នុង​បរិវេណ​ភូមិ​គ្រឹះ ឬដាក់​តាំងនៅ​តាម​ស្ថាប័នរដ្ឋ​នានា នេះបើតាមការអះអាងរបស់ជាងចម្លាក់ថ្មដ៏ល្បីម្នាក់នៅខេត្តបាត់ដំបង។

ក្នុង​វ័យ​៣៣​ឆ្នាំ លោក​សឿ​ម ប៊ុ​ន​ធន ដែលបានកាន់ដែកដាប់ឆ្លាក់ថ្មឬឆ្លាក់ក្បាច់រចនាលើផ្ទាំងសិលារយៈពេលជាង១០ឆ្នាំ ហើយនោះ បានអោយដឹងថាលោកនិងកូនជាង៣នាក់ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតម្រូវការអតិថិជន ដែលមកកម្មង់ ។ លោកបញ្ជាក់ថារូបចម្លាក់ពីថ្មភក់  ដែលលោក

និងកូនជាងកំពុងឆ្លាក់  នេះគឺរចនាឡើងតាម ក្បាច់ខ្មែរបូរាណទាំងអស់ ពុំមានលាយឡំវប្បធម៌ប្រទេសជិតខាងនោះទេ ។

នៅ​ក្នុង​ការដ្ឋាន​ចម្លាក់​ថ្ម​ដែល ឃើញ​មាន​ដុំ​សិលា​ធំ​ៗ មាន​ទម្ងន់​រាប់​សិប​តោន ដាក់រកេតរកូតពេញទីធ្លីចង្អៀតមួយក្នុង កាដ្ឋានចម្លាក់របស់ខ្លួន ជាងចម្លាក់រូបនេះប្រាប់ថា ដុំសិលាធំៗនោះជាប្រភេទថ្មភក់ដែលលោកទិញពីខេត្តព្រះវិហារមក  ដើម្បីធ្វើការឆ្លាក់ តាមការកម្មង់របស់អតិថិជន។ លោកបញ្ជាក់ថា ថ្វីបើតម្លៃផ្ទាំងថ្មធំៗដែលឆ្លាក់រួចលក់ទៅអោយឈ្មួញ មានតម្លៃរាប់ពាន់ដុល្លារក្នុងរដុំៗក៏ពិតមែន តែវាក៏ត្រូវការចំណាយពេលរាប់ខែ និង ត្រូវមានការអត់ធ្មត់ខ្លាំងក្នុង ការឆ្លាក់រូបរឺក្បាច់រចនាផ្សេងៗលើផ្ទាំងថ្មទាំងនោះ។



ក្នុងសម្លៀកបំពាក់ប្រឡាក់ដោយកំទេចថ្មដែលហុយធ្លាក់មកលើខ្លួន ​កូនជាងម្នាក់ក្នុងចំណោមបីនាក់ ​ យុវជន សឿ​ម ឈុ​ន​លី អាយុ២៥ឆ្នាំ បាន​ទាញ​ទម្លាក់​ម៉ាស់បិតមុខចុះ​បន្តិច រួច​និយាយ​ថា ចម្លាក់ក្បាច់និងឆ្លាក់រូបនេះមិនងាយស្រួលនោះទេ « ខ្ញុំ​បានដឹង​ថា ការ​ឆ្លាក់​ក្បាច់​នៅ​លើ​ថ្ម មានការ​លំបាក​ខ្លាំង​ណាស់​ ព្រោះ​ទម្រង់​ក្បាច់រចនា​របស់​ខ្មែរ មាន​ច្រើន​បែប ច្រើន​យ៉ាង តែ​ខ្ញុំ​ចង់​ចេះ​វា ​ ។ សព្វថ្ងៃ​ខ្ញុំ​អាច​ឆ្លាក់​ក្បាច់រចនា​ខ្មែរ ស្ទើរ​គ្រប់​ទម្រង់​នៅ​លើ​ផ្ទាំងសិលា​ផ្សេង​ៗ តែ​ខ្ញុំ​មិន​ជំនាញ​ឆ្លាក់​នៅ​លើ​ឈើ​ទេ »​។


ទីតាំងចម្លាក់ថ្មខាងលើនេះស្ថិតនៅក្នុងផ្ទះផ្ទាល់ខ្លួនមួយ ដែលមានទីធ្លាតូចចង្អៀត ស្ថិតនៅក្នុងភូមិ កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ ខេត្តបាត់ដំបង ។លោក​សឿ​ម ប៊ុ​ន​ធន បានបញ្ជាក់ថាមុននឹងលោកមកឈរជើងបើកអាជីវកម្មនៅទីនេះ ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៣ លោក​បាន​ទៅ​ស៊ីឈ្នួល​ឆ្លាក់​រូប និងឆ្លាក់​ក្បាច់​ផ្សេង​ៗ​ឲ្យ​ថៅកែ​ជនជាតិ​ថៃនៅ​ប្រទេស​ថៃជាប់​ព្រំដែន​ខ្មែរ និង ម៉ៅការតពីជនជាតិថៃ  រហូត​ដល់​ឆ្នាំ​២០១៥ ទើប​គាត់​ត្រឡប់​មកបើកអាជីវកម្មនេះដោយខ្លួនឯង  នៅស្រុកកំណើតក្នុង ខេត្តបាត់ដំបង ដល់​បច្ចុប្បន្ន​នេះ។


មេជាងរូបនេះបន្តអោយដឹងថាជំនាញចម្លាក់ថ្មនេះលោកមិនបានចូលរៀនពីសាលាវិចិត្រសិល្បៈផ្នែកចម្លាក់រឺសូន្យរូបអ្វីនោះទេ  ហើយពូជពង្សរបស់លោក៏មិនដែលប្រកបរបរនោះនោះដែរ  ប៉ុន្តែការចេះចាំរបស់លោកគួបផ្សំនិងដុងពីកំណើតនិងការ អត់ធ្មត់ព្យាយាមផងនោះ គឺលោកបានទទួលចំណេះនិងបទពិសោធន៍បន្តពីបងថ្លៃរបស់ខ្លួនដែលគាត់ជាងចម្លាក់ថ្ម និង ចម្លាក់ក្បាច់ដ៏ខ្លាំងម្នាក់ ។


ទោះបីយ៉ាងណាជាងចម្លាក់​ថ្ម​ដ៏​ល្បី​រូប​នេះ ក៏​បាន​ទ​ទូល​ស្គាល់​ដែរ​ថាថ្វីបើការ​ចេះ​ចាំ​មុខ​ជំនាញ​ឆ្លាក់​ថ្ម​នេះ លោក​ ​មិន​បាន​ឆ្លងកាត់ ​«​សាលា​» ត្រិ​ម​ត្រូវ​តាម​ក្បូន​ខ្នាត​មែន តែ​លោក​ហាក់​ទ​ទូល​បាន​ជោគជ័យ​ក្នុង​អាជីព​ជាងចម្លាក់​នេះ​។ ព្រោះ​បច្ចុប្បន្ន មាន​អតិថិជន​ជា​ច្រើន បាន​និង​កំពុង​កុម្ម៉ង់​ទិញ​រូបចម្លាក់ ឬ ផ្ទាំង​សិលា​ចម្លាក់​ក្បាច់រចនា ឬ សិលាចារឹក​ផ្សេង​ៗ​ពី​លោក​ យ៉ាងច្រើន ដែលធ្វើអោយជីវភាពគ្រួសាររបស់លោកធូធារល្អប្រសើរជាងមុន ។


លោក​ប៊ុ​ន​ធន ក៏​មិន​ភ្លេច​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរជួយ​គាំទ្រ​ដល់​ស្នាដៃ និងជួយ​លើកទឹកចិត្ត​ដល់ ជាងចម្លាក់​ក្បាច់​បុរាណ​ខ្មែរនានា ដែល​កំពុង​ប្រឹងប្រែង ស្ទើរ​គ្រប់​រូបភាព​នា​សម័យនេះ ដើម្បីរក្សាកេរ្ត៍ដំណែលបុព្វបុរសខ្មែរយើងអោយ កាន់តែរុងរឿង ។



No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...