ពេលថ្ងៃជិតលិច ប្រហែលម៉ោង ជិត៦ ល្ងាចយើងសង្កេតឃើញ មានភ្ញៀវទេសចរ ជាតិ អន្តរជាតិ កំពុងឈរ ខ្លះអង្គុយ ត្រៀបត្រា នាជើងភ្នំសំពៅ។ ពួកគេរងចាំ ទស្សនា សត្វប្រជៀវហើរចេញ ពីរូងភ្នំសំពៅ ទាំងខ្សែៗ ។
ពេលសត្វប្រជៀវហើរ យើងឃើញប្រៀបបីដូច ខ្យល់កួច ព្រោះសត្វទាំងនោះ ប្រមូលផ្តុំគ្នារាប់ម៉ឺន ។ ទាំងនេះ ក្លាយជា ទស្សនីយភាព ធម្មជាតិ ដ៏ប្រសើរ សម្រាប់អ្នកទស្សនា ។ពិសេសភ្ញៀវភ្លក់រស់ជាតិទឹកដូង ដ៏ត្រជាក់ បណ្តើរ ក្រសែភ្នែក សំឡឹងមើលសត្វប្រជៀវ ហើរ យ៉ាងណាខ្មួលខ្មាញ់ បណ្តើរ ។
ចំណែកសណ្តាប់ធ្នាប់វិញ ត្រូវបានអាជ្ញាធរ រៀបចំឱ្យមានកន្លែង លក់ចំណីអាហារ ភេជ្ជៈ និងសម្ថកិច្ច សម្រួលចរាចរណ៍ ដើម្បីបង្កភាពងាយស្រួល ដល់ភ្ញៀវមកទស្សនា សត្វប្រជៀវ និងកំសាន្តសប្បាយ ពិសេសថ្ងៃសម្រាកចុងសប្តាហ៍ សៅរិ៍ អាទិត្យជាដើម ។
សូមបញ្ជាក់ថា ភ្នំសំពៅ ក៏ជារម្មណីដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្រ្ត ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ នៅពេលបច្ចុប្បន្ន លើទឹកដីខេត្តបាត់ដំបង ។
ប្រសិនលោកអ្នកចង់មកកំសាន្ត ដោយគ្រាន់តែ ធ្វើដំណើរ លើផ្លូវ ៥៧ បាត់ដំបង ប៉ៃលិន ។ ដោយចេញពីក្រុងបាត់ដំបង ប្រមាណ ១០គីឡូម៉ែត្រ នឹងឃើញភ្នំមួយយ៉ាងត្រដែត នៅពីមុខយើង នោះគឺរម្មណីដ្ឋាន ធម្មជាតិ ភ្នំសំពៅ ។
No comments:
Post a Comment